Saturday, January 2

ទឹក​ម៉ាស៊ីន​ធម្មជាតិ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ

ដោយៈ vuthdevelop
ថ្ងៃ សុក្រ ទី ១ ខែ មករា ឆ្នាំ ២០១០

តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច ​ដើម្បី​យក​ទឹក​ជ្រោះ​​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំ​ មក​ប្រើប្រាស់​នៅ​តាម​លំនៅ​ដ្ឋាន​របស់​យើង បើ​សិន​ជា​យើង​រស់​នៅ​ក្បែរ​កំពូល​ភ្នំ​នោះ​?

    វា​ជា​រឿង​យ៉ាង​ងាយ​ស្រួល​បំផុត បើ​សិន​ជាយើង​អាច​ត​បំពង់​ឬស្សី​ឬ​ទុយយោទឹក​ (pipe) ដើម្បី​ត្រង​យកទឹក​ពី​តំបន់​ដែល​មាន​ទឹក​ជ្រោះ​ហូរ​ធ្លាក់​នោះ មក​ដល់​ភូមិ​របស់​យើង​។ ហើយ​បើ​សិន​ជា​ទឹក​ជ្រោះ​នោះ​ហូរ​ធ្លាក់​ជា​ប្រចាំ​​ខួប​ប្រាំង​ខួប​វស្សា យើង​ក៏​អាច​ប្រើ​ទឹក​បាន​ខួប​ប្រាំង​ខួប​វស្សា​បាន​ដែរ​។ ជាក់ស្តែង ប្រជាពលរដ្ឋ​ឃុំ​ ចំបក់ ស្រុក​​ ភ្នំ​​ស្រួច ខេត្ត​ កំពង់​ស្ពឺ បាន​ត​ទុយយោ​ទឹក​​ដើម្បី​ត្រង​យក​ទឹក​ធ្លាក់​ពី​ជ្រោះ​នៅ​តំបន់​ភ្នំ​គិរីរម្យ មក​ដល់​ស្រុក​ភូមិ​របស់ពូក​​គេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទឹក​ប្រើប្រាស់​ខួប​ប្រាំង​ខួប​វស្សា ព្រោះ​ទឹក​ជ្រោះ​នោះ​ហូរ​ធ្លាក់​ខួប​ប្រាំង​ខួប​វស្សា​ដែរ​។

    វា​ជា​ការពិត​ណាស់​ដែល​ថា ការប្រើប្រាស់​ទុយយោ ឬ​ក៏​បំពង់​ទីប ទាមទារ​ឲ្យ​យើង​ចំណាយ​ប្រាក់​ជា​ច្រើន ដោយហេតុ​ថា​របស់​ទាំងនោះ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទី​ផ្សារ​។ តែ​បើ​សិន​ជា​មាន​​ជំនួយ​ពី​ខាង​ក្រៅ ដូច​​ជា​បា្រក់​វិភាជន៍​សម្រាប់​ការអភិវឌ្ឍបាន​មក​ពី​​រាជ​រដ្ឋាភិបាល រួម​ផ្សំ​នឹង​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា យើង​នឹង​អាច​មាន​សមត្ថភាព​កសាង​ប្រព័ន្ធ​ “ទឹក​ម៉ាស៊ីន​ធម្មជាតិ” នេះ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។ ក្នុង​ករណី​ប្រជាពលរដ្ឋ​នៅ​ឃុំ ចំបក់ ពួក​គេ​អាច​កសាង​ប្រព័ន្ធ​នេះ​បាន​​ ដោយសារ​​មាន​ការជួយ​ឧបត្ថម្ភ​ពី​​អង្គការ UNDP និង​អង្កការ ម្លប់​បៃតង ។

    ពាក្យ​ចាស់​លោក​ថា “ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ” ដូច​នេះ​បើ​សិន​ជា​ប្រជាពលរដ្ឋ​​មាន​ទឹកប្រើប្រាស់​ ​ប្រជាពលរដ្ឋនឹង​​អាច​ដាំ​​ដំណាបាន​​គ្រប់​មុខ​ទាំងអស់​នៅ​ជុំ​វិញ​ផ្ទះ​របស់​ពួក​គេ​​។ ចំណូល​ប្រចាំ​គ្រួសារ​នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នឹង​ធូធារ​ជាង​មុន​។ ម៉្យាង​ទៀត បើ​សិន​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​ភ្នំ​ទាំងអស់​ នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា អាច​មាន​លទ្ធភាព​ធ្វើ​តាម​​គម្រូ​របស់​ប្រជាពលរដ្ឋ​ឃុំ ចំបក់ ពួក​គេ​នឹង​លែង​មាន​បញ្ហា​ទឹក​ប្រើប្រាស់ ហើយ​ព្រម​ទាំង​អាច​ដាំ​ដំណាំ​បាន​គ្រប់​រដូវ​ ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ ចំបក់ ដែរ​។

    ខាង​ក្រោម​នេះ គឺ​ជា​បទ​យកការណ៍​ដោយ​រូបភាព​ស្តី​ពី​ការកសាង​ប្រព័ន្ធ​ “ទឹក​ម៉ាស៊ីន​ធម្មជាតិ” នៅ​ឃុំ​ ចំបក់ ៖